ពលរដ្ឋក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា ត្រូវបានហាមឃាត់មិនឲ្យចេញពីផ្ទះ ដោយសារករណីឆ្លងកូវីដ១៩ មានការកើនឡើង
ប្រទេសមីយ៉ាន់ម៉ាបានប្រកាសអំពីបទបញ្ជាឲ្យស្នាក់នៅក្នុងផ្ទះសម្រាប់ទីក្រុងធំបំផុតរបស់ខ្លួនគឺទីក្រុង Yangon បន្ទាប់ពីបានរាយការណ៍ពីការកើនឡើងជារៀងរាល់ថ្ងៃនូវករណីថ្មីនៃវីរុសកូវីដ១៩ កាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមប្រភពពី CNA។
បទបញ្ជានៅក្នុងទីក្រុង Yangon ដែលជារដ្ឋធានីពាណិជ្ជកម្មរបស់ប្រទេសមីយ៉ាន់ម៉ាបានចូលជាធរមាននៅថ្ងៃចន្ទនេះ ហើយនឹងបង្ខំឱ្យនិយោជិកទាំងអស់ធ្វើការពីផ្ទះ។សាលារៀនត្រូវបានបិទរួចហើយក្រោមវិធានការរឹតត្បិតមុនៗ។
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានកត់ត្រាករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន៦៧១ ករណី ដោយមិនបានបញ្ជាក់ពីទីកន្លែង។ ភាគច្រើននៃការឆ្លងថ្មីបានកើតឡើងនៅទីក្រុង Yangon។
រហូតមកដល់ពេលនេះប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា មានករណីឆ្លងសរុបចំនួន ៥.៥៤១ ករណី និងមានអ្នកស្លាប់ចំនួន ៩២ នាក់។ ការឆ្លងថ្មីបានកើនឡើងដល់រាប់រយករណីក្នុងមួយថ្ងៃៗក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះបន្ទាប់ពីវីរុសកូរ៉ូណាបានផ្ទុះឡើងនៅរដ្ឋរ៉ាក់ឃីនភាគខាងលិចក្រោយមិនមានករណីឆ្លងក្នុងសហគមន៍ណាមួយត្រូវបានបញ្ជាក់ជាច្រើនសប្តាហ៍។
ដោយឡែកក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកក៏បានប្រកាសថា សេវាកម្មត្រូវបានផ្អាករបស់ខ្លួនរហូតដល់ចុងខែកញ្ញា៕